តើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​ពលរដ្ឋ​ខ្មែរ​?

ca-app-pub-1531157948102828/2124071825
បុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​សាសនា​ប្រពៃណី ធំ​ជាង​គេ​មួយ​របស់​ប្រជាជន​ខ្មែរ​យើង។ បុណ្យ​នេះ មាន​លក្ខណៈ​ជា​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ដល់​បុព្វបុរស​ញាតិសន្ដាន ដែល​ធ្វើ​មរណកាល​ទៅ និង​ជា​ពិធី​ជួបជុំ​គ្នា​នៃ​ញាតិសន្ដាន សាច់ញាតិ​ទាំងអស់ ដែល​នៅ​ទី​ឆ្ងាយ។​ពិសេស​នោះ​គឺជា​បុណ្យ​នៃ​ការ​ចែករំលែក​ជួយ​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា ដែល​ព្រះសង្ឃ​ត្រូវ​ការ​ទាំង​ចង្ហាន់ និង​បច្ច័យ​នោះ។
យោងតាម​ឯកសារ​របស់​លោក​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ អតីត​សមាជិក​ក្រុម​ជំនុំជម្រះ​ទំនៀមទម្លាប់​ខ្មែរ​នៃ​ពុទ្ធសាសនបណ្ឌិត្យ នឹង​បង្ហាញ​ឲ្យ​ដឹង​ថា តើ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ប្រភព​មកពី​ណា គេ​ត្រូវ​ធ្វើ​ដើម្បី​អ្វី ហើយ​នៅក្នុង​រយៈពេល​នៃ​ការ​រៀបចំ​ពិធី​នេះ តើ​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​ធ្វើ​អ្វី​ខ្លះ​នោះ​?

ប្រវត្ដិ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ
បុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​ដ៏​សំខាន់​មួយ ដែល​ប្រារឰ​ធ្វើ​ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ជា​រៀងរាល់​ឆ្នាំ ត្រូវ​នឹង​ខែ​កញ្ញា ឬ​តុលា។ រីឯ​ថ្ងៃ​១៥​រោច​ហៅថា​ភ្ជុំបិណ្ឌ។ ក្នុង​រយៈពេល​ភ្ជុំបិណ្ឌ​នេះ ចាស់​ៗ​បាន​លះបង់​ផ្ទះ​សម្បែង កូនចៅ ទៅ​នៅ​វត្ដ សមាទាន​សីល​៥ ចាំ​សីល​៨ បម្រើ​ព្រះសង្ឃ​សម្អាត​ទី​អារាម។ ចំណែកឯ​ប្រជាពលរដ្ឋ​បាន​ចែក​វេន​គ្នា ជា​វេន​ចំនួន​១៥​ថ្ងៃ ឬ​បិណ្ឌ។ ក្នុង​បិណ្ឌ​នីមួយ​ៗ គេ​តែង​ធ្វើ ដូចជា ពេល​យប់​ជួបជុំ​ពុទ្ធបរិស័ទ ប្រគេន​ភេសជ្ជៈ​ចំពោះ​ព្រះសង្ឃ និង​ជូន​ចំពោះ​ចាស់​ព្រឹទ្ធាចារ្យ នមស្ការ គោរព​ព្រះរតនត្រ័យ និមន្ដ​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ដ និង​សម្ដែង​ធម៌ទេសនា។ ពេល​ព្រឹក​ប្រគេន​អាហារ​ចំពោះ​ព្រះសង្ឃ​ឧទ្ទិសកុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ បុព្វការីជន ដែល​ធ្វើ​មរណកាល​ទៅ​ហើយ។
ទាក់ទិន​ទៅ​នឹង​ប្រវត្ដិ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដែរ បើ​តាម គម្ពី​រោកកុឌសូត្រ បាន​បរិយាយ​ថា ព្រះបាទ​ពិម្ពិសារ​មាន​ញាតិ​មួយ​ក្រុម បាន​បំពេញ​ទាន​មិន​បរិសុទ្ធ គឺ​ស៊ីបាយ​មុន​លោក ពេល​លាចាក​ខាង​មុខ ក៏​កើត​ជា «ប្រេត»។ លុះ​ដល់​ព្រះសម្ពុទ្ធ ព្រះនាម​កុក្ក បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក ពួក​ប្រេត​ទាំងនោះ​ទៅ​សួរ​ព្រះ​ថា ចុះ​យើង​ខ្ញុំ​កាលណា​បាន​អាហារ​បរិភោគ​? ព្រះពុទ្ធ​ត្រាស់​ថា ចាំ​សួរ​ព្រះពុទ្ធ​ជាន់​ក្រោយ​ចុះ ក្នុង​សាសនា​តថាគត អ្នក​ទាំងឡាយ​នឹង​បាន​អាហារ​បរិភោគ។ លុះ​ដល់​ព្រះពុទ្ធ​នាម នាគមនោ ក៏​បាន​ត្រាស់​ដូច​ព្រះពុទ្ធ​មុន​ទៀត ដល់​ពុទ្ធកាល​ព្រះកស្សបោ ក៏​ត្រាស់​ប្រាប់​ដូចនេះ​ទៀត ទើប​តែ​ដល់​ព្រះសមណ​គោតម​ត្រាស់​ដឹង ទ្រង់​បាន​ត្រាស់​ថា ចាំ​មើល​ព្រះបាទ​ពិម្ពិសារ​ជា​ញាតិ​របស់​អ្នក​ទាំងឡាយ​ហើយ។ លុះ​ពិម្ពិសារ​បាន​ថ្វាយ​ទាន ជា​ដំបូង​ហើយ មិន​ផ្សាយ​ទៅ​ឱ្យ​ពួក​ញាតិ ក៏​ស្រាប់​តែ​ពួក​ប្រេត​ទាំងឡាយ ដែល​ជា​ញាតិ​នោះ​ស្រែក​យំ​ទ្រហឹង ក្នុង​ពេល​រាត្រី។ ព្រះបាទ​ពិម្ពិសារ ស្ដេច​យាង​ទៅ​កាន់​វត្ដ​វេឡុវ័ន ហើយ​ទូល​សួរ​ព្រះពុទ្ធ ព្រះពុទ្ធ​ត្រាស់​ថា ពួកប្រេត ជា​ញាតិ​របស់​ព្រះអង្គ នាំ​គ្នា​យំទារ​អាហារ ព្រោះ​ពួកប្រេត​ទាំងនោះ ត្រូវ​បាន​អាហារ​បរិភោគ​ក្នុង​សាសនាតថាគត ប៉ុន្ដែ​ព្រះអង្គ​ធ្វើ​បុណ្យ​ហើយ មិន​បាន​ផ្សាយ​ទៅ​ឱ្យ។ ពេល ព្រះបាទ​ពិម្ពិសារ​ទ្រង់​ជ្រាប​ហើយ ក៏​បាន​ធ្វើ​បុណ្យ​ចាត់ចែង​បញ្ជូន​ទៅ​ឱ្យ។ ពួក​ប្រេត​ទាំងនោះ​ក៏​បាន​កើត​នៅក្នុង​ទព្វវិមាន ដោយ​សុខ​រៀង​ដរាប តទៅ។ ចាប់​តាំងពី​ពេល​នោះ​មក ពិធី​កាន់​បិណ្ឌ ក៏​ចាប់ផ្ដើម​មាន​កំណើត​ឡើង រហូត​មក​ទល់​ពេល​នេះ។

ការ​ប្រព្រឹត្ត និង​ផលកម្ម​ដែល​បាន​សាង
បើ​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា បាន​ចែង​ថា មនុស្ស​ដែល​ស្លាប់​ទៅ​តែង​ទៅ​កើត​ទី​ផ្សេង​ៗ តាម​កម្ម​របស់​ខ្លួន។ មនុស្ស​ចិត្ដ​អាក្រក់ ដែល​បាន​ធ្វើ​បាបកម្ម​ផ្សេង​ៗ លុះ​ស្លាប់​ទៅ តែងតែ​កើត​ជា​ប្រេត​៤​ប្រភេទ គឺ​ប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ខ្ទុះ​ឈាម ប្រេត​ស្រេកឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែល​ភ្លើង​ឆេះ​ជានិច្ច និង​ប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅ​ឱ្យ។ គេ​តែង​និយម​ជ្រើសរើស ចំ​ថ្ងៃ​រនោច ខែ​ភទ្របទ ព្រោះ​ពេលវេលា​នោះ ព្រះចន្ទ​ពុំ​សូវ​មាន​ពន្លឺ ហើយ​ចេះ​តែ​ងងឹត​ទៅ​ៗ ព្រោះ​ឱកាស​នោះ​ហើយ ដែល​យមរាជ​ដោះលែង​ពួកប្រេត​ទាំងនោះ ឱ្យ​មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស ចាំ​ទទួល​ភោគ​ផល ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឱ្យ ព្រោះ​ពួកប្រេត​ខ្លាច​ពន្លឺ​ណាស់។ ប្រសិន​បើ​រយៈពេល​១៥​ថ្ងៃ ពួក​ប្រេត​ដើរ​រក​គ្រប់​វត្ដ ពុំ​មាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណា​ធ្វើ​បុណ្យ បញ្ជូន​កុសល​ទៅ​ឱ្យ​ទេ ពួកគេ​នឹង​អត់បាយ អត់ទឹក ស្រេកឃ្លាន រង​ទុក្ខវេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិកា​ទាំងឡាយ ឱ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស​ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិផៅ​ទាំង​ប្រាំពីរ​សន្ដាន។
ជំនឿ​ចំពោះ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស តែងតែ​មាន​ជំនឿ​ទៅ​លើ​បុណ្យ​ភ្ជុំបិណ្ឌ នេះ​ជានិច្ច ទោះ​បី​មាន​ក្ដី ក្រ​ក្ដី ទោះ​យ៉ាង​ណា ត្រូវ​ធ្វើ​បុណ្យ​នេះ ដោយ​ខាន​មិន​បាន​មួយ​ឆ្នាំ​ម្ដង​ៗ គឺ​ត្រូវ​យក​នំ​ចំណី ទៀន ធូប​រៀងរាល់​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ។ បុណ្យ​ភ្ជុំបិណ្ឌ​នេះ កាល​ដើម​ឡើយ គឺ​ធ្វើ​ឡើង​រយៈពេល​៣​ខែ គឺ​៩០​ថ្ងៃ ដោយ​គិត​តាំងពី​ថ្ងៃ​ចូល​ព្រះវស្សា រហូត​ដល់​ថ្ងៃ​ចេញ​ព្រះវស្សា។ ប៉ុន្ដែ​រហូត​មក​ដល់​បច្ចុប្បន្ន បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​កាត់​បន្ថយ​នៅ​សល់​តែ​១៥​ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​ដោយសារ​ពេលវេលា​មិន​អំណោយ​ផល បងប្អូន​យើង​មាន​ភាព​មមាញឹក​ខ្លាំង ក្នុង​មុខរបរ​ទទួលទាន ដូច្នេះ ត្រូវ​កាត់​បន្ថយ ឱ្យ​ខ្លី​ទៅវិញ។ បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​អត្ថន័យ​ធំធេង​ណាស់ សម្រាប់​ប្រជាពុទ្ធបរិស័ទ​ខ្មែរ​យើង ព្រោះ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ធ្វើ​ឡើង ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​វិញ្ញាណក្ខន្ធ បុព្វបុរស ញាតិកា ទាំង​ប្រាំពីរ​សន្ដាន ដែល​បាន​ចែក​ឋាន​ទៅ​កើត​ជា​ប្រេត នរក ឬ​ក៏​សភាវ​ផ្សេង។ មួយ​វិញ​ទៀត​នោះ បុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យ​ជួបជុំ​បងប្អូន ញាតិផៅ​គ្រប់​ទិសទី សម្ដែង​នូវ​សេចក្ដី​សាទរ​រីករាយ​គ្រប់​ៗ​គ្នា និង​អ្វី​ដែល​សំខាន់​នោះ កាលណា​មនុស្ស​យើង​មាន​សទ្ធា​ជ្រះថ្លា ក្នុង​ព្រះធម៌ ក្នុង​ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​នោះ វា​ជា​បច្ច័យ​មួយ ជួយ​ធ្វើឱ្យ​មនុស្ស​យើង​មាន​ចិត្ដ​ស្ងប់ រំលស់​នូវ​ភាព​សៅហ្មង​គ្រប់​ៗ​គ្នា។ ពិធី​សំខាន់​ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ មាន​ដូចជា ពិធី​សូត្រមន្ដ​បង្សុកូល បោះបាយបិណ្ឌ​ជាដើម។
ពិធី​ពូន​ភ្នំខ្សាច់ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ
ទាក់ទិន​ទៅ​នឹង​ជំនឿ ដែល​ពុទ្ធបរិស័ទ លើក​ឡើង​អំពី​ការ​ពូន​ភ្នំខ្សាច់ នៅ​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ វា​ជា​ជំនឿ​មួយ​ដែល​ខ្មែរ​យើង​ទូទៅ យល់​ឃើញ​ថា វា​ល្អ​ហើយ​មាន​ប្រយោជន៍ ទើប​ពួកគាត់​ធ្វើ ហើយ​បាន​ដាក់​លុយ​ទៅ​តាម​ភ្នំខ្សាច់​នីមួយ​ៗ ព្រម​ទាំង​អុជ​ធូប​ស្មាលា កំហុស​បាប​មួយ​ចំនួន ដែល​ខ្លួន​បាន​សាង​ឡើង ដោយ​មិន​បាន​ចាប់​អារម្មណ៍​កន្លង​មក។ ការ​ពូន​ភ្នំខ្សាច់​នេះ ក៏​ជា​ការ​ឧទ្ទិស​កុសល​មួយ ជូន​ដល់​ឧបការីជន​ទាំងឡាយ ដែល​បាន​លាចាក​លោក​ផង​ដែរ។
អត្ថន័យ​ការ​បោះ​បាយបិណ្ឌ
នៅ​ព្រលឹម​ម៉ោង​៤​ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា ដើរ​ទៅ​វត្ដអារាម​នានា នៅក្នុង​ភូមិ ឬ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ជាមួយ​នឹង​នំចំណី ដែល​ធ្វើ​រួច​ជាស្រេច ដាក់​ក្នុង​ចាន ឬ​ស្បោង ដើម្បី​ទៅ​វត្ដ គេ​ហៅថា «បោះ​បាយបិណ្ឌ»។ ការ​បោះ​បាយបិណ្ឌ ជា​ជំនឿ​អរូបិយ​មួយ​ផង​ដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង និយម​ធ្វើ​ជា​រៀងរាល់​ព្រឹកព្រហាម ដើម្បី​បញ្ជូន ឬ​ឧទ្ទិស​កុសល ឱ្យ​ទៅ​ញាតិសន្ដាន​សាច់សាលោហិត ដែល​បាន​ចែកឋាន​ទៅ​បរលោក។ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន ការ​បោះ​បាយបិណ្ឌ​នៅ​តាម​បណ្តា​វត្ត​ខ្លះ​គេ​ធ្វើ​តាំងពី​ល្ងាច​មក​ម្ល៉េះ លុះ​ព្រឹក​ឡើង​ទើប​ព្រះសង្ឃ​ជួយ​វេរ​ធម៌​តាម​ក្រោយ។
ដំបូន្មាន​អ្នក​ជំនាញ​បុណ្យ​ភ្ជុំបិណ្ឌ
បុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង។ ដូច្នេះ​ហើយ​បងប្អូន​ទាំងឡាយ ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​ពិធីបុណ្យ​នេះ ជា​ដរាប ព្រោះ​ជា​បុណ្យ​ដែល​បង្កើត​ឡើង សម្រាប់​ផ្ដល់​ឱកាស​ឱ្យ​ពុទ្ធបរិស័ទ​ទាំងឡាយ ធ្វើ​បុណ្យ​ធ្វើ​ទាន ឧទ្ទិសកុសល​ដល់​បុព្វជន និង​សាច់ញាតិ ដែល​បាន​ចែកឋាន​ទៅ និង​ជា​បុណ្យ​សាសនា​មួយ​ផង​ដែរ ដែល​ប្រជាពលរដ្ឋ​ទូទៅ​មិន​អាច​បំភ្លេច​បាន៕
ប្រភព៖ www.postkhmer.com

Share this

Related Posts

Previous
Next Post »