៩ ចំណុច មនុស្សស្រី គួរយល់ដឹងពីសុខទុក្ខបេះដូងខ្លួន បើមិនចង់គ្រាំគ្រា នាពេលក្រោយ

ជំងឺបេះដូង ប្រៀបដូចជាឃាតកលាក់មុខ ដែលកាន់អាវុធ​ច្រើនប្រភេទ តាមប្រមាញ់ជីវិតមនុស្សគ្រប់វ័យ ក្នុងលក្ខខណ្ឌ និងបញ្ហាផ្សេងៗគ្នា។ យោងតាមសហព័ន្ធបេះដូងពិភពលោក (WHF) បានបញ្ជាក់ថា ជំងឺនេះតែងបង្កឲ្យមានមនុស្សស្លាប់រហូតដល់ ១៧,៥ លាននាក់ជារៀងរាល់ឆ្នាំ ហើយជនរងគ្រោះភាគច្រើនជាស្ត្រី ត្បិតជំងឺនេះមានច្រើនប្រភេទ ដោយប្រភេទខ្លះអាចកើតទាំងលើបុរស និងស្ត្រី ហើយខ្លះអាចទៀតកើតតែលើស្រ្តីប៉ុណ្ណោះ។
ចំពោះស្រ្តី អាការៈជំងឺបេះដូងមិនស្ដែងចេញដោយការចុកទ្រូងដូចក្នុងភាពយន្តនោះទេ តែជាក់ស្ដែងគេសង្កេតឃើញថា វាផ្ដល់សញ្ញា​ផ្សេងៗ​ដូចជាដកដង្ហើមថប់ៗ ចុកចំដើមទ្រូង ឆ្អឹងថ្គាម ខ្នង ចុងដង្ហើម មានអារម្មណ៍វិលមុខ ចង់ក្អួត ស្ទើរសន្លប់ជាដើម។ ចុះមូលហេតុអ្វីបានជាស្រ្តីងាយកើតជំងឺនេះម្ល៉េះ? ហើយអ្វីខ្លះដែលគួរដឹងដើម្បីទប់ស្កាត់វា?
១. ការរាំងរដូវ
មានស្រ្តីមិនតិចទេ ដែលជួបបញ្ហារាំងរដូវ។ នេះដោយសារតែ អ័រម៉ូន Estrogen មានការធ្លាក់ចុះ និងសរសៃឈាមអាកទែប្រែជារឹង។ បញ្ហានេះវាអាចជាផ្នែកតូចមួយ នាំឲ្យកើតជំងឺបេះដូងដែរ ត្បិតវាអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ដុះក្បាលពោះ និងជាតិខ្លាញ់កើនឡើង។ អ្នកអាចទប់ស្កាត់បញ្ហានេះបាន ដោយព្យាយាមហាត់ប្រាណឲ្យបានជាប្រចាំ និងញ៉ាំអាហារសុខភាព។
២. ជំងឺទឹកនោមផ្អែម
មូលហេតុចម្បងមួយដែលធ្វើឲ្យអ្នកកើតជំងឺទឹកនោមផ្អែម ឈានទៅមានបញ្ហាបេះដូង គឺដោយសារជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយដំណើរការរបស់អុកស៊ីហ្សែនក្នុងឈាមធ្លាក់ចុះ ដែលបង្កឲ្យមានកាកសំណល់ស្ទះក្នុងសរសៃឈាម។ ហេតុផលផ្សេងទៀតដែលបញ្ជាក់ថាមនុស្សស្រីផ្ទុកជំងឺទឹកនោមផ្អែម មានភាគរយច្រើនក្នុងការកើតជំងឺបេះដូងនេះ ត្បិតពួកគេងាយធាត់ មានសម្ពាធឈាមខ្ពស់ និងមានកូឡេស្តេរ៉ូលខ្ពស់។ ដូចនេះហើយ ទើបអ្នកជំនាញណែនាំឲ្យនារីទាំងឡាយ ព្យាយាមរក្សាទម្ងន់ និងជាតិស្ករ តាមរយៈការតមអាហារ និងហាត់ប្រាណ។
៣. ការបែកបាក់ស្នេហា
ការបែកបាក់ស្នេហ៍ ក៏ជាបញ្ហាចម្បងមួយនាំឲ្យមនុស្សកើតរោគបេះដូងដែរ ត្បិតវាប៉ះទង្គិចខ្លាំងទៅលើផ្លូវចិត្ត ហើយច្រើនកើតឡើងលើមនុស្សស្រី ច្រើនជាងបុរស។ អ័រម៉ូនស្រ្តេសទាំងនោះ កើតចេញពីអារម្មណ៍ក្ដុកក្ដួលនៃការបែកបាក់នានាដែល តួយ៉ាងដូចជាការលែងលះ ឬមានសមាជិកគ្រួសារស្លាប់ជាដើម។ ពេល អ័រម៉ូនស្រ្តេស កើតឡើង ផ្នែកមួយនៃបេះដូងនឹងរីកធំឡើង ហើយមិនអាចធ្វើការច្របាច់ឈាមបានល្អឡើយ។ រោគសញ្ញារបស់វា អាចបង្ហាញឲ្យឃើញច្បាស់ៗពេលចុក ឬឈឺត្រង់ដើមទ្រូង តែបើព្យាបាលទាន់ពេល អ្នកពិតជាអាចសង្គ្រោះបាន។
៤. បញ្ហាជំងឺបាក់ទឹកចិត្ត
Depression ឬបញ្ហាជំងឺបាក់ទឹកចិត្ត អាចនាំឱកាសកើតជំងឺបេះដូងរបស់អ្នកហក់ឡើងគុណនឹង ២។ ហើយស្ត្រីមានឱកាសកើតជំងឺនេះ ២ ដងច្រើនជាមនុស្សប្រុស។ ភាពតានតឹង និងការថប់អារម្មណ៍ អាចបង្កជាសម្ពាធឲ្យបេះដូងរបស់អ្នក។ អ្នកត្រូវតែទៅជួបពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកផ្លូវចិត្ត បើគិតខ្លួនកំពុងមានបញ្ហាជំងឺបាក់ទឹកចិត្តនេះ។
៥. ជំងឺដាច់សរសៃឈាមបេះដូង
ជំងឺដាច់សរសៃឈាមបេះដូង ឬ (SCAD) កើតឡើងនៅពេលដែលអ្នកបែកសរសៃឈាម ដែលជាហេតុធ្វើឲ្យឈាមរបស់អ្នករត់យឺត ឬស្ទះតែម្ដង។ អាការៈនៃជំងឺនេះ គឺមានការឈឺចាប់លើដើមទ្រូង និងមានអារម្មណ៍ចង់គាំងបេះដូង។ នេះគឺជាបញ្ហាធ្ងន់ធ្ងរ ដែលតម្រូវឲ្យអ្នកធ្វើការព្យាបាលឲ្យបានភ្លាមៗ។ ស្ត្រីដែល​ទើបសម្រាលកូន គឺជាគោលដៅធំជាងគេរបស់ជំងឺនេះ។
៦. ស្គមពេក
ការរៀបរាប់ខាងលើសុទ្ធតែបង្ហាញថាការលើសទម្ងន់ និងជាតិខ្លាញ់ជាបងធំក្នុងការជំរុញឲ្យមានជំងឺបេះដូង តែក៏មានបានន័យថាមនុស្សស្រីមានរាងស្ដើងអាចជៀសផុតពីជំងឺនេះបានដែរ។ ជំងឺបេះដូងដែលកើតលើមនុស្សស្គមៗ អាចបណ្ដាលមកពីបញ្ហាចម្បង ៣ ប្រភេទគឺការលើសជាតិកូឡេស្តេរ៉ូល លើសសម្ពាធឈាម និងការជក់បារី។
៧. ការរលាក
ទោះបីជាអ្នកនៅក្មេង មិនជក់បារី និងបានធ្វើលំហាត់ប្រាណជាប្រចាំក៏ដោយ តែបើធ្លាប់មានបញ្ហារលាកសន្លាក់រ៉ាំរ៉ៃ ឬរោគសើស្បែក នោះឱកាសនៃការកើតជំងឺបេះដូងរបស់អ្នកគឺខ្ពស់ជាងមនុស្សធម្មតា។ ដូច្នេះ ត្រូវប្រាកដថាអ្នកបានទៅពិនិត្យការរលាកបានទៀងទាត់ និងពិភាក្សាជាមួយគ្រូពេទ្យជំនាញឲ្យច្បាស់លាស់ពីសុខភាពបេះដូងរបស់អ្នក។
៨. ការជក់បារី
ការស្រាវជ្រាវបានបញ្ជាក់ថា ស្រ្តីជក់បារីមានឱកាស ២៥% កើត​រោគ​បេះដូង​ច្រើនជាងបុរស។ បារី គឺជាមេក្លោងក្នុងដែលបំផ្លាញសរសៃឈាម បុកជំរុញឲ្យសម្ពាធឈាមកើនឡើង និងបណ្ដាលឲ្យកកឈាម។ ឱកាស​​កើតជំងឺនេះ រឹតតែខ្លាំងថែមទៀតបើអ្នកជាស្រ្តីប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត និងជក់បារី។ ពិសេស​អ្នក​ដែលមានអាយុលើសពី ៣៥ ឆ្នាំ។
៩. ស្ត្រីមានផ្ទៃពោះ
នៅពេលមានផ្ទៃ​ពោះ​ បេះដូងរបស់អ្នកនឹងធ្វើប្រតិបត្តិការច្របាច់ឈាមខ្លាំងជាធម្មតា។ សកម្មភាពនេះ គឺជាការផ្ដល់ភាពតានតឹងដល់បេះដូង និងសរសៃឈាមអាកទែ ដែលអាចបណ្ដាលបន្ថែមសម្ពាធកាន់តែខ្លាំងដល់បេះដូងអ្នក។ ហើយបើសម្ពាធឈាមរបស់ស្រ្តីកើនឡើងខ្ពស់ខ្លាំងអំឡុងពេលពពោះ អាចបង្កឲ្យអ្នកកើតជំងឺព្រាយក្រឡាភ្លើង ដែលជំងឺនេះអាចបង្កឲ្យបានបញ្ហាទាំងម្ដាយ និងទារក។

Share this

Related Posts

Previous
Next Post »