កាលពីពេលមុនៗមក មិនថាអ្នកគាំទ្ររបស់ក្រុមហ៊ុន Samsung ឬក៏ជាអ្នកគាំទ្ររបស់ក្រុមហ៊ុនដទៃឡើយ ក៏បានបញ្ចេញមតិមួយចំនួន អំពីប៊ូតុងជំនួយការឆ្លាតវៃ Bixby ដោយមានសំណូមពរចង់ឲ្យក្រុមហ៊ុន Samsung ដកប៊ូតុងនេះចេញ ឬក៏ជំនួសឲ្យធ្វើមុខងារអ្វីផ្សេងវិញផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងទៅតាមរបាយការណ៍ថ្មី បានលេចឡើងមកថាក្រុមហ៊ុន Samsung មិនត្រឹមតែចង់ដកប៊ូតុង Bixby ចេញពី Galaxy Note 10 នោះទេ ដោយបោះបង់ចោលប៊ូតុងទាំងអស់តែម្ដង ហើយមកប្រើប្រាស់សេនស័រ ឬក៏ដំណោះស្រាយអ្វីផ្សេងវិញ។
ចំណែកឯរបាយការណ៌លេចធ្លាយថ្មីនេះ គឺត្រូវបានចេញផ្សាយដោយ បណ្តាញព័ត៌មានរបស់ប្រទេសកូរ៉េ ក៏ប៉ុន្ដែសម្រាប់ពត៌មានលំអិត នៅពេលបច្ចុប្បន្ននេះ មានលក្ខណៈតិចតួចប៉ុណ្ណោះ ដូច្នេះយើងមិនអាចប្រាកដបាន មួយរយភាគរយនៅឡើយទេ។ បើយោងទៅតាម ពាក្យចចាមអារ៉ាមនេះ គឺបានបង្ហាញថាក្រុមហ៊ុន Samsung អាចនឹងទទួលយកការរចនាបថថ្មី ដោយធ្វើឲ្យស្មាតហ្វូនម៉ូឌែល Galaxy Note 10 របស់ខ្លួនគ្មានប៊ូតុងតែម្ដង ក៏ប៉ុន្ដែពត៌មានលេចធ្លាយថ្មីនេះ មិនបានបញ្ជាក់ប្រាប់ថា នឹងគ្មានរន្ធដូចទៅនឹង vivo Apex ឬក៏ Meizu Zero នោះទេ។
ខណៈពេលដែលមិនមានប៊ូតុង ដូច្នេះក្រុមហ៊ុន Samsung ត្រូវតែរកដំណោះស្រាយថ្មីៗ ដោយបង្កើតចេញជាមុខងារ Gestures មួយចំនួនដូចជាសង្កត់ (Squeezing) ឬក៏លាក់ប៊ូតុងនៅតាម ចំហៀងគែមទូរសព្ទ ដែលដូចមាននៅលើទូរសព្ទមួយចំនួន របស់ក្រុមហ៊ុន HTC និងក្រុមហ៊ុន Google អញ្ចឹងដែរ។ លើសពីនេះទៅទៀត ប្រភពសារពត៌មាន ETNews ក៏បានចេញផ្សាយឲ្យបានដឹងថា បើសិនជាមិនមាននៅលើ Galaxy Note 10 នោះទេ ក៏ក្រុមហ៊ុន Samsung ចង់យកលក្ខណៈពិសេសថ្មីមួយនេះ ទៅដាក់លើស្មាតហ្វូនត្រកូល A របស់ខ្លួនផងដែរ ដូច្នេះនាពេលអនាគតខាងមុខ យើងនឹងអាចឃើញមាន ស្មាតហ្វូនគ្មានប៊ូតុង ចេញលក់ដោយ Samsung តែមិនទាន់ប្រាកដថា ម៉ូឌែលមួយណាឲ្យច្បាស់នៅឡើយទេ។